លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ ហ៊ាង ទីប្រឹក្សារដ្ឋសភា

 




សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ ហ៊ាង ទីប្រឹក្សារដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម សំ ហ៊ាង គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីស្រលាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ ជាសសរទ្រូងនៃគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជន ថ្នាក់ដឹកនាំដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីចូលរួមបុព្វហេតុថែរក្សា សន្តិសុខ និងសុវត្ថិភាពសង្គម ពិសេសការតស៊ូប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារសេចក្តីសុខ សុវត្ថភាពជូនប្រជាពលរដ្ឋ។ ទោះបីរូបកាយបានឃ្លាតចាកពីលោកយើងទៅមែនពិតប៉ុន្តែ ឯកឧត្តម សំ ហ៊ាង បានបង្កើតនូវស្នាដៃជាច្រើនរាប់មិនអស់សម្រាប់ប្រទេសជាតិបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដក់ជាប់ក្នុងដួងចិត្តយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ។




ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមសម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់ គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សំ ហ៊ាង សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





Previous Post Next Post