ក្រុងព្រះសីហនុ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានប្រទះឃើញស្លាប់នៅលើគ្រែ ក្នុងបន្ទប់លេខ៣១០ ជាន់ទី៣ នៃសណ្ឋាគារ «អុីស្តុន ហ្គ្រេន» ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បង្កឲ្យមានភ្ញាក់ផ្អើលមួយបានកើតឡើង។
យោងតាមប្រភពបឋមបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមិត្តភក្តិរបស់ស្ត្រីរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះពិនិត្យនៅកន្លែងកើតហេតុ។
តាមព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់បានហៅស្ត្រីរងគ្រោះមកស្នាក់នៅជាមួយ ប៉ុន្តែក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ មិនឃើញមានវត្តមានបុរសជនជាតិចិននោះនៅក្នុងបន្ទប់ឡើយ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចវេចខ្ចប់ និងដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើការពិនិត្យ និងកោសល្យវិច្ច័យ ខណៈមូលហេតុនៃការស្លាប់ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។




