(បន្ទាយមានជ័យ): នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីលួចស្ថានទម្ងន់ទោស(គាស់ហាងលួចទ្រព្យសម្បត្តិ) បង្កឡើងដោយជនសង្ស័យ ចំនួន០១នាក់(ពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព)បានធ្វើសកម្មភាពចូលគាស់ហាងប្ដូរប្រាក់មួយកន្លែងមានទីតាំងនៅភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចលួចយកប្រាក់ថៃចំនួន១០,០០០បាត(មួយម៉ឺនបាត) និងទូរសព្ទដៃចំនួន០៥គ្រឿង។
ក្រោយទទួលបណ្ដឹងរួចលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែដើមបណ្ដឹងនិងជនជាតិឥណ្ឌូនេស៊ី បាននាំខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ កា រ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដដង ដោយនៅលើដងខ្លួនមានស្នាមរបួសជាំ បែកក្បាល របួសត្រង់ស្មងជើងខាងឆ្វេង និងភ្នែកខាងស្តាំហើមជាំ។ ក្រោយកម្លាំងជំនាញទទួលជនសង្ស័យ នឹងបានឱ្យមន្រ្ដីពេទ្យពិនិត្យ និងព្យាបាលបឋម បន្ទាប់មកមន្រ្តីជំនាញបានសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពគាស់ហាងរបស់ជនរងគ្រោះ លួចទ្រព្យសម្បត្តិពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងតាមរូបភាពវីដេអូកាំមេរ៉ាសុវត្ថិភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕


