ទោះជាយប់អាធ្រាត្រ! ក្រុមការងារ អ្នកឧកញ៉ា ទៀ វិចិត្រ អន្តរាគមន៍តាមអូប័រល្បឿនលឿន សង្គ្រោះស្ត្រីឈឺពោះសម្រាលកូនពីកោះរ៉ុង




ក្រុងកោះរ៉ុង៖ នាត្រីមាសយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារសង្គ្រោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានអន្តរាគមន៍បញ្ជូនស្ត្រីមានផ្ទៃពោះ ៧ខែម្នាក់ ពីកោះរ៉ុងមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីទទួលការសង្គ្រោះពោះវៀននិងសម្រាលកូន។
ស្ត្រីរងគ្រោះមានឈ្មោះ ឡឹក ស្រួយ អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានជួបប្រទះអាការៈឈឺពោះសម្រាលកូនខ្លាំង។ ដោយសារស្ថានភាពបន្ទាន់ ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បានប្រើប្រាស់ទូកអូប័រល្បឿនលឿនដឹកជញ្ជូនស្ត្រីរូបនេះឆ្លងកាត់ផ្ទៃសមុទ្រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព។
ភ្លាមៗនោះ ស្ត្រីមានផ្ទៃពោះត្រូវបានបន្តបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន GTVC ទៅកាន់មន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ និងពិនិត្យព្យាបាលបន្តទាន់ពេលវេលា៕



Previous Post Next Post