កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បង្ក្រាបសង្វៀនមាន់ជល់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៦នាក់

 


ខេត្តព្រះសីហនុ៖ ក្រុមអ្នកញៀនល្បែងស៊ីសងជល់មាន់មួយក្រុម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ចុះបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់។ ប្រតិបត្តិការនេះដឹកនាំដោយ លោក ឃន មន អភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។



​ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន៖
​មាន់ជល់ ចំនួន ៦ក្បាល
​ម៉ូតូ ចំនួន ៦គ្រឿង
​ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន ១
​រួមទាំងសម្ភារខុសច្បាប់មួយចំនួនទៀត។
​បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។
​បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនេះ តែងតែមកជួបជុំគ្នាភ្នាល់ជល់មាន់ស្ទើរជារៀងរាល់ថ្ងៃ ដែលបង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅ និងភាពសុខសាន្តរបស់ពួកគាត់នៅក្នុងសហគមន៍។
​ក្រោយឃើញមានវិធានការបង្ក្រាបទាន់ពេលវេលា បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវក្តីត្រេកអរ រំភើបចិត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានចាត់វិធានការយ៉ាងក្តៅគគុក និងទប់ស្កាត់បទល្មើសបានឆាប់រហ័ស ជូនសហគមន៍មូលដ្ឋាន៕









Previous Post Next Post