អភិបាលក្រុងសិរីសោភ័ណ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ភ្លាមៗ៖ បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាបន្ទាន់

 





បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឱ្យខូចខាតផ្ទះសម្បែង។
ក្នុងការចុះពិនិត្យដោយផ្ទាល់លើទីតាំងរងគ្រោះ លោកអភិបាលក្រុង រួមជាមួយលោកចៅសង្កាត់កំពង់ស្វាយ និងមេភូមិ បានរកឃើញថា គ្រោះធម្មជាតិនេះបានបង្កឱ្យផ្ទះប្រជាពលរដ្ឋសរុប ០៨ខ្នង រងការខូចខាតធ្ងន់ធ្ងរ៖
* ភូមិភ្នំកន្ទួត៖ ប៉ើងរបើកដំបូលស័ង្កសី ០៥ខ្នង និងដំបូលក្បឿង ០១ខ្នង។
* ភូមិតារាងបាល់៖ ប៉ើងរបើកដំបូលស័ង្កសី ០១ខ្នង។
* ភូមិកំពង់ស្វាយ៖ ប៉ើងរបើកដំបូលស័ង្កសី ០១ខ្នង។
ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លោក ស្រេង សុផល បានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង និងបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលសង្កាត់ និងមេភូមិពាក់ព័ន្ធទាំងអស់ ត្រូវ៖
១. បន្តចុះពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានលម្អិតអំពីស្ថានភាពជីវភាព និងទំហំនៃការខូចខាត។
២. វាយតម្លៃផលប៉ះពាល់ជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ និងវិធានការសង្គ្រោះទាន់ពេលវេលា។
៣. ធានាថាប្រជាពលរដ្ឋគ្រប់រូបដែលរងគ្រោះ នឹងទទួលបានការយកចិត្តទុកដាក់ និងជំនួយសង្គ្រោះយ៉ាងឆាប់រហ័ស។
ការចុះផ្ទាល់របស់លោកអភិបាលក្រុងនៅពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការឆ្លើយតបយ៉ាងសកម្មរបស់អាជ្ញាធរក្រុងសិរីសោភ័ណ ក្នុងការនៅកៀកជិត និងដោះស្រាយបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕





*រាយការណ៍ដោយ៖ លោក ហ៊ីង ចាន់ថន | សារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ*
أحدث أقدم