ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំាសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (លើកុមារ)។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១១និង៤៦នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងតាមទូរសព្ទពីឪពុកម្ដាយកុមារីរងគ្រោះថា មានករណីរំលោភសេពសន្ថវៈលើកូនស្រីរបស់ពួកគាត់ ឈ្មោះ ល.ណ.គ អាយុ៩ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃខែឆ្នាំដទៃគ្នានោះ នៅចំណុចក្នុងអគារកំពុងសាងសង់ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលទទួលបានបណ្ដឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀន ម៉ារិន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពេលឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានចេតនាយកដៃទៅប៉ះប្រដាប់ភេទកុមាររងគ្រោះពិតប្រាកដមែន។
ផ្អែកលើចម្លើយសារភាពនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ គឺក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនដល់សាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
រាយការណ៍ដោយ៖ លោក ហ៊ីង ចាន់ថន សារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ




