ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមជនរងគ្រោះរួមមាន ម្ចាស់ផ្ទះ កម្មករសំណង់ មេតុងទីន និងអតីតភរិយា បានប្រមូលផ្តុំគ្នាតវ៉ានៅមុខផ្ទះបុគ្គលឈ្មោះ មាស សំអាន អ្នកម៉ៅការសំណង់ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងយុត្តិធម៌ពីអាជ្ញាធរ ដោយចោទប្រកាន់បុគ្គលរូបនេះថាបានប្រព្រឹត្តអំពើឆបោក និងរំលោភលើទំនុកចិត្តជាច្រើនករណី។
តំណាងអ្នកតវ៉ាបានឱ្យដឹងថា បុគ្គល មាស សំអាន កំពុងប្រឈមមុខនឹងបណ្តឹងចំនួន ៤ ករណី រួមមាន៖
ម្ចាស់គម្រោង៖ លោក តេង ពិសាល បានថ្លែងថា ខ្លួនបានប្រគល់គម្រោងសាងសង់ផ្ទះតម្លៃជាង ១៦ ម៉ឺនដុល្លារ ឱ្យទៅអ្នកម៉ៅការរូបនេះ ប៉ុន្តែត្រូវកកស្ទះ និងខាតបង់ធ្ងន់ធ្ងរដោយសារការកុហកពន្យារពេល។
អតីតភរិយា៖ បានរៀបរាប់ថា ត្រូវអតីតស្វាមីប្រើល្បិចឱ្យខ្ចីប្រាក់ និងមាសពីសាច់ញាតិ ព្រមទាំងប្រព្រឹត្តអំពើហិង្សាលើរូបនាង។ ក្រោយលែងលះ ភាគីប្រុសមិនបានសងបំណុលតាមសន្យានោះទេ។
ភាគីមេតុងទីន៖ បានចោទប្រកាន់ថា បុគ្គលនេះបានចេញ «មូលប្បទានប័ត្រគ្មានសាច់ប្រាក់» (មូលប្បទានប័ត្រស្អុយ) ឱ្យខ្លួន។
ក្រុមកម្មករសំណង់៖ បានសម្តែងការក្តុកក្តួលថា ការមិនបើកប្រាក់ឈ្នួលបានធ្វើឱ្យពួកគាត់គ្មានប្រាក់ទិញអាហារប្រចាំថ្ងៃ និងជំពាក់បំណុលធនាគារ/មីក្រូហិរញ្ញវត្ថុ។
ក្រុមអ្នកតវ៉ាបានបន្ថែមថា នៅពេលទាមទារដំណោះស្រាយ បុគ្គល មាស សំអាន ពុំបានទទួលខុសត្រូវឡើយ ថែមទាំងបានបោះសម្តីគំរាមប្តឹងបកទៀតផង។ ហេតុនេះ Group អ្នករងគ្រោះបានអំពាវនាវយ៉ាងទទូចដល់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ មេត្តាចាត់វិធានការផ្លូវច្បាប់ និងជួយស្វែងរកយុត្តិធម៌។
ជុំវិញការជាប់ប្រកាសនេះ លោក មាស សំអាន បានឆ្លើយតបយ៉ាងខ្លីថា(ខ្ញុំមិនមានអីបំភ្លឺទេបង ចាំមើលនិតិវិធីតុលាការ ចាត់ចែងបង សូមអរគុណ)






