ក្រុងប៉ោយប៉ែត៖ ក្រោមការបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ទោ កែវ ដូល អធិការរង បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មនៅចំណុចមណ្ឌល ០៥ (ដីថ្មី) ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ កម្លាំងសមត្ថកិច្ចបានបើកការបង្ក្រាបជាបន្តបន្ទាប់ចំនួន ៣ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យទាំងប្រុសស្រីសរុបចំនួន ២៩នាក់ រួមជាមួយវត្ថុតាង និងបានបិទខ្ទប់ទីតាំងពាក់ព័ន្ធផងដែរ។
ព័ត៌មានលម្អិតនៃកិច្ចប្រតិបត្តិការទាំង ៣ករណី៖
* ករណីទី១៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្ដាល បានចុះបង្ក្រាបករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅចំណុចមណ្ឌល៥ (ភូមិប្រជាធម្មលិច) ដោយឃាត់ខ្លួនជនសង្ស័យបាន ១១នាក់ (ស្រី ១នាក់) និងដកហូតបំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១។ ជនសង្ស័យទាំងអស់បានសារភាពថាពិតជាបានប្រើប្រាស់គ្រឿងញៀនប្រាកដមែន។
* ករណីទី២៖ នៅថ្ងៃដដែល (ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២០:០០នាទី) ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចជាមួយគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមានឈ្មោះ ម៉ន ភារុណ, ផៃ ផល្លី និងឈ្មោះ ចាន់ វ៉ាន់ទី ព្រមទាំងដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កូនថង់តូច (លទ្ធផលតេស្តទឹកនោមវិជ្ជមាន [+])។
* ករណីទី៣៖ កម្លាំងជំនាញបានបន្តពង្រីកវិសាលភាពចុះបង្ក្រាប ទីតាំងលក់ទឹកកាធម មួយកន្លែងទៀតនៅក្នុងទឹកដីសង្កាត់ផ្សារកណ្ដាល ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីពាក់ព័ន្ធសរុបចំនួន ១៥នាក់ បន្ថែមទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៩នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធទាំងអស់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
យុទ្ធនាការបង្ក្រាបយ៉ាងសកម្មដូចភ្លៀងរលឹមនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កងកម្លាំងសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងលុបបំបាត់អំពើអបាយមុខក្នុងមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
អត្ថបទព័ត៌មានដោយ៖ លោក ហ៊ីង ចាន់ថន អ្នកសារព័ត៌មាន sntv ប្រចាំខេត្តបន្ទាយមានជ័យ







