ប្រតិបត្តិការក្តៅ! អាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះទប់ស្កាត់ និងបង្ក្រាបទីតាំងសង្ស័យ Scam Online ឃាត់ខ្លួនមនុស្ស៣នាក់




បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០និង៤០នាទី ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ចំនួន ០១កន្លែង ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
កិច្ចប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ដឹកនាំផ្ទាល់ដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានអមដំណើរពី លោក ស្រេង សុផល អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការក្រុងសិរីសោភ័ណ ព្រមទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត-ក្រុង។
ជាពិសេស កិច្ចការងារអធិការកិច្ច និងនីតិវិធីនេះ ក៏មានការសម្របសម្រួលផ្ទាល់ពី លោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។ ជាលទ្ធផលបឋម ក្នុងកិច្ចចុះត្រួតពិនិត្យទីតាំងខាងលើ សមត្ថកិច្ចរកឃើញ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៣នាក់ ដើម្បីបន្តស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។





បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងបន្តបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីវែកមុខអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
✍️ រាយការណ៍ដោយ៖ លោក ហ៊ីង ចាន់ថន ពីសារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ
أحدث أقدم