កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូបញ្ចាំ) និងប្រាស់ចាកច្បាប់គ្រឿងញៀន ទៅសាលាដំបូងខេត្ត

 



បន្ទាយមានជ័យ៖ ស្ថាប័នមានសមត្ថកិច្ចបានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ដោយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្រោយពីរកឃើញពាក់ព័ន្ធនឹងបទល្មើស «រំលោភលើទំនុកចិត្ត» និង «ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។
យោងតាមរបាយការណ៍ពីមន្ត្រីជំនាញ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីជនរងគ្រោះឈ្មោះ ព្រាប រដ្ឋា ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាននាំខ្លួនជនសង្ស័យឈ្មោះ គីម សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។



តាមរយៈការស៊ើបសួរចម្លើយដោយកម្លាំងជំនាញ ក្រោមការដឹកនាំផ្ទាល់របស់ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យបានសារភាពយ៉ាងច្បាស់ៗថា៖
* ខ្លួនមានទំនាក់ទំនងស្នេហាជាមួយឈ្មោះ ចាន់ ម៉ី អាយុ១៩ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់ជនរងគ្រោះ។
* ខ្លួនបានលួចយកម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ លាយទឹកប៊ិក ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ (ត្រូវជាម្ដាយក្មេកស្ដីទី) យកទៅដាក់បញ្ចាំក្នុងតម្លៃ ២០,០០០បាត (ប្រាក់ថៃ) យកប្រាក់មកចាយវាយផ្ទាល់ខ្លួនអស់រលីង។
* ក្រៅពីបទល្មើសខាងលើ ពេលដែលកម្លាំងជំនាញធ្វើតេស្តទឹកនោមរកសារធាតុញៀន គឺ រកឃើញមានសារធាតុញៀនវិជ្ជមាន (+) ផងដែរ។
យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងរួចរាល់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត។
> 📰 ព័ត៌មានថ្មីទាន់ហេតុការណ៍២៤ម៉ោង
> ✍️ រាយការណ៍ដោយ៖ លោក ហ៊ីង ចាន់ថន ពីសារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ
>
Previous Post Next Post