អាជ្ញាធរក្រុងព្រះសីហនុ សហការជាមួយប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាប្រព័ន្ធលូប្រវែងជាង ៣០០ម៉ែត្រ ក្នុងភូមិ4សង្កាត់លេខ៤

 




​ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ពិធីបើកការដ្ឋានស្ថាបនាប្រព័ន្ធលូទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានប្រារព្ធឡើងផ្លូវការ ក្រោមការចង្អុលបង្ហាញ និងគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក ស កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ដោយមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាននោះ លោកអភិបាលក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា គម្រោងស្ថាបនាប្រព័ន្ធលូថ្មីនេះ មានប្រវែងសរុបជាង ៣០០ម៉ែត្រ ដោយប្រកបដោយការដាក់កប់ទុយោយ៉ាងរឹងមាំទំហំ ៦០ (មុខកាត់ ៦០សង់ទីម៉ែត្រ)។ គម្រោងនេះគ្រោងចំណាយថវិកាសរុបជាង ១៨,០០០ដុល្លារអាមេរិក ដែលជាថវិកាបរិភាគរួមគ្នារវាងអាជ្ញាធរក្រុងព្រះសីហនុ និងការចូលរួមវិភាគទានពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ៣ សង្កាត់លេខ៤។
​ការស្ថាបនាប្រព័ន្ធលូនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការរំដោះទឹកភ្លៀង និងទឹកកខ្វក់ ជៀសវាងការលិចលង់ក្នុងរដូវវស្សា ព្រមទាំងចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណភាពក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ ស្មារតីសាមគ្គីភាព និងការចូលរួមចំណែកថវិការបស់ប្រជាពលរដ្ឋនាពេលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរដែនដី និងប្រជាសហគមន៍ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឱ្យកាន់តែរីកចម្រើនជាលំដាប់៕






Previous Post Next Post