ព័ត៌មានបឋម] គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់! ស្រីស្អាតបើក រថយន្ត Mazda បត់ចូលស្ថានីយសាកថាមពលអគ្គិសនី បទមិនបានប្រុងប្រយ័ត្ន ជ្រុលទៅព្រលះហ្នឹងម៉ូតូសង់ C125 ពេញទំហឹង បណ្តាលឱ្យមនុស្ស ២ នាក់រងរបួសធ្ងន់ និងស្រាល នៅខេត្តបាត់ដំបង

 



ខេត្តបាត់ដំបង៖ កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បើកបរច្រាសទិសគ្នា រួចបត់កាត់ផ្លូវមិនបានប្រុងប្រយ័ត្ន បណ្តាលឱ្យបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូចំនួន ២ នាក់ (ប្រុស) រងរបួសធ្ងន់ និងស្រាល ត្រូវ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នៅវេលាម៉ោង០៩៣០នាទី ស្ថិតនៅចំណុចផ្លូវបំបែកហត្ថវេ ក្នុងភូមិពុតឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដាសង់ C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1Y-5629 ជិះគ្នាចំនួន ២ នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តស្រីស្អាតមួយគ្រឿងម៉ាក Mazda ពណ៌ខ្មៅ (ដែលគេកត់សម្គាល់ឃើញថាមានផ្លាកលេខ តែត្រូវ បានដោះចេញបាត់ទៅហើយ) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បើកច្រាសទិសគ្នា ហើយបានបត់ឆ្លងផ្លូវ ដើម្បីចូលទៅកាន់ស្ថានីយសាកថាមពលរថយន្តអគ្គិសនី ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកព្រលះម៉ូតូយ៉ាងពេញទំហឹងតែម្តង។

ការបុកគ្នានេះ បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូទាំង ២ នាក់ ផ្លោងដួលរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង និងស្ទូចយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកស្នងការនគរបាលខេត្តបាត់ដំបងជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់៕







✍️ រាយការណ៍ដោយ៖ លោក ហ៊ីង ចាន់ថន សារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ

Previous Post Next Post