កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរត់ពន្ធទំនិញខុសច្បាប់ និងសារធាតុញៀន ទៅកាន់សាលាដំបូងខេត្ត

  



(បន្ទាយមានជ័យ៖) ឃាត់ខ្លួនអត់ល្ហែ! កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសម្រេចបញ្ជូនជនសង្ស័យចំនួន ៣នាក់ ព្រមទាំងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តកាលពីរសៀលថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនដឹកជញ្ជូនទំនិញគេចពន្ធ (អីវ៉ាន់ចម្រុះពីប្រទេសថៃ) និងករណីរកឃើញសារធាតុញៀន។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះបានចាប់ផ្តើមឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ក្រោមការដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋាន បានទទួលជនសង្ស័យចំនួន ២នាក់៖

ទី១៖ ឈ្មោះ នួម ផានុន ហៅ ង៉ា អាយុ ២០ឆ្នាំ
ទី២៖ ឈ្មោះ រិត ចាន់រ៉េត អាយុ ១៩ឆ្នាំ ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានប្រគល់ជូនដោយ លោកអនុសេនីយ៍ឯក វង្ស ចាន់ណា មន្ត្រីយោធាវរសេនាតូច៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ ប្រចាំទិសសមរភូមិព្រំដែន បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនក្នុងពេលកំពុងដឹកជញ្ជូនទំនិញចម្រុះខុសច្បាប់ (ផលិតផលថៃ) យកចេញពីស្រុកម៉ាឡៃ គោលដៅទៅក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី០២ ខែតុលា នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ តាមរយៈការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេស៊ីឈ្នួលដឹកទំនិញទាំងនោះតាមការបញ្ជាទិញ និងណែនាំពីស្ត្រីម្នាក់ឈ្មោះ ចែ បូ ដែលរស់នៅប្រទេសថៃ ដោយទទួលបានកម្រៃឈ្នួលត្រឹមតែ ៣០,០០០រៀល ប៉ុណ្ណោះក្នុងម្នាក់ៗ។ មិនតែប៉ុណ្ណោះ ការធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះ នួម ផានុន បានរកឃើញសារធាតុញៀនវិជ្ជមាន (+) ថែមទៀតផង។ ដោយពង្រីកវិសាលភាពស្រាវជ្រាវតាមចម្លើយសារភាព នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញបានបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ឈិន សាវី អាយុ ៤៤ឆ្នាំ នៅចំណុចភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ជនសង្ស័យរូបនេះក៏បានឆ្លើយសារភាពថា ពួកគេពិតជាបានឆ្លងអូរព្រំដែនចូលទៅយកទំនិញដល់ក្នុងទឹកដីថៃពិតប្រាកដមែន។ ប្រតិបត្តិការបង្ក្រាបដ៏មានប្រសិទ្ធភាពនេះ ធ្វើឡើងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
📌 ប្រភព៖ រាយការណ៍ដោយលោក ហ៊ីង ចាន់ថន ពីសារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ។

តើលោកអ្នកយល់យ៉ាងណាចំពោះការបង្ក្រាបបទល្មើសឆ្លងដែន និងបទល្មើសគ្រឿងញៀនតាមបន្ទាត់ព្រំដែននេះ?
أحدث أقدم