ក្ដៅៗ! ម្ចាស់ហាង «កាកាសាឡន» ត្រូវកងរាជអាវុធហត្ថបញ្ជូនទៅតុលាការហើយ! ក្រោយបង្ខាំង និងធ្វើទារុណកម្មលើស្ត្រីមេម៉ាយយ៉ាងព្រៃផ្សៃ!

 




(បន្ទាយមានជ័យ)៖ រឿងរ៉ាវដ៏រន្ធត់ និងក្ដៅគគុកមួយបានផ្ទុះឡើងនៅក្រុងប៉ោយប៉ែត! ម្ចាស់ហាង «កាកាសាឡន» ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបានប្រព្រឹត្តអំពើហិង្សា និងចាប់បង្ខាំងមនុស្សខុសច្បាប់យ៉ាងឃោរឃៅ។




ជនសង្ស័យឈ្មោះ គុំ លីកា ហៅ កាកា អាយុ ៣០ឆ្នាំ បានបង្ហាញពីចិត្តគំនិតដ៏កាចសាហាវទៅលើជនរងគ្រោះឈ្មោះ អ៊ុត ខុន អាយុ ៥៩ឆ្នាំ ដែលធ្លាប់រស់នៅជាមួយខ្លួនដូចម្តាយកូនអស់រយៈពេលជាង ៣ ឆ្នាំ។
អ្វីដែលធ្វើឱ្យមហាជនក្តៅក្រហាយនោះគឺ៖
គ្រាន់តែខឹងរឿងជនរងគ្រោះលួចយកទូរសព្ទរបស់សង្សារខ្លួនទៅលក់បាន ២០ ម៉ឺនរៀល ជនសង្ស័យបានប្រើកំណាត់ឈើវាយជនរងគ្រោះរហូតចេញឈាមពេញខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យបានយក «កាំបិតប៉័ងតោ» មកគំរាមកាត់ម្រាមដៃជើងជនរងគ្រោះទាំងរស់ ហើយបង្ខាំងទុកមិនឱ្យចេញទៅក្រៅដាច់ខាត។

ដោយទ្រាំនឹងទារុណកម្មមិនបាន នៅវេលាម៉ោង ០៤៖០០ ទៀបភ្លឺថ្ងៃទី ១៤ ខែមិថុនា ជនរងគ្រោះបានសម្រេចចិត្តប្រថុយជីវិតឡើងដំបូលផ្ទះ រួចសម្រូតខ្លួនតាមចម្រឹងដែកចុះមកក្រោម ដើម្បីរត់គេចខ្លួនទាំងរបួសពេញខ្លួន ទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

ក្រោយទទួលបានបណ្តឹង កម្លាំងជំនាញដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី ២៨ ខែមិថុនា រួមទាំងដកហូតវត្ថុតាងកាំបិតប៉័ងតោមួយដើម។
ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សានេះមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដៃតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕
*រាយការណ៍ដោយ៖ លោក ហ៊ីង ចាន់ថន | សារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ*


أحدث أقدم