ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

 

ខេ​ត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់រួមមាន អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចម៉ាស៊ីនត្រជាក់ ខ្សែភ្លើង ស្ពាន់ និងសម្ភារ), ប៉ុនប៉ងលួចសម្ភារ, លួចម៉ូតូ, លួចរថយន្ត, ឆក់ទូរស័ព្ទ និងទទួលផលចោរកម្ម, ធ្វើឱ្យខូចខាតដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ ព្រមទាំងករណីហិង្សាដោយចេតនា និងកាន់កាប់រក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ។


ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ២១នាក់ (ស្រី១នាក់) និងដកហូតវត្ថុតាងជាច្រើន រួមមាន រថយន្ត ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ូតូ ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ ខ្សែភ្លើង ស្ពាន់ ទុយយោម៉ាស៊ីនត្រជាក់ ដង្កាប់ កន្ត្រៃ កាំបិត ពូថៅ ឧបករណ៍ធ្វើសកម្មភាព និងសម្ភារពាក់ព័ន្ធផ្សេងៗ ។ ចំពោះវត្ថុតាងដែលជាផលនៃអំពើលួចមួយចំនួន ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ស្របតាមការអនុញ្ញាតពីព្រះរាជអាជ្ញា ។បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕


أحدث أقدم