ខេត្តព្រះសីហនុ៖ ក្រុមអ្នកញៀនល្បែងស៊ីសងជល់មាន់មួយក្រុម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ចុះបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់។ ប្រតិបត្តិការនេះដឹកនាំដោយ លោក ឃន មន អភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន រួមមាន៖
មាន់ជល់ ចំនួន ៦ក្បាល
ម៉ូតូ ចំនួន ៦គ្រឿង
ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន ១
រួមទាំងសម្ភារខុសច្បាប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនេះ តែងតែមកជួបជុំគ្នាភ្នាល់ជល់មាន់ស្ទើរជារៀងរាល់ថ្ងៃ ដែលបង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅ និងភាពសុខសាន្តរបស់ពួកគាត់នៅក្នុងសហគមន៍។
ក្រោយឃើញមានវិធានការបង្ក្រាបទាន់ពេលវេលា បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវក្តីត្រេកអរ រំភើបចិត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានចាត់វិធានការយ៉ាងក្តៅគគុក និងទប់ស្កាត់បទល្មើសបានឆាប់រហ័ស ជូនសហគមន៍មូលដ្ឋាន៕












