ទឹកភ្នែកកម្មកររោងចក្រ! កូនប្រុសអាយុ ១៧ឆ្នាំ ត្រឹមអោបថើបសង្សារវ័យ ១៤ឆ្នាំ ត្រូវតុលាការឃុំខ្លួនទាំងវ័យក្មេង ទោះខាងស្រីព្រមទទួលសំណងនិងដកពាក្យបណ្ដឹងហើយក្ដី

 



បន្ទាយមានជ័យ៖ បណ្តាញសង្គមកំពុងទទូចនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្រោយពីមានរឿងរ៉ាវដ៏ឈឺចាប់មួយរបស់គ្រួសារកម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ដែលត្រូវបង្ខំចិត្តចេញមុខអំពាវនាវទាំងទឹកភ្នែក សុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងស្ថាប័នតុលាការខេត្តបន្ទាយមានជ័យ មេត្តាជួយដោះលែងកូនប្រុសអាយុទើបតែ ១៧ឆ្នាំ ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយពេលជាប់ឃុំក្នុងពន្ធនាគារទាំងវ័យក្មេង។
បើយោងតាមការរៀបរាប់ទាំងអួលដើមកពីអាណាព្យាបាលក្មេងប្រុស បានឱ្យដឹងថា រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។ កូនប្រុសរបស់ពួកគាត់ និងក្មេងស្រីរងគ្រោះអាយុ ១៤ឆ្នាំ ជាក្មេងរស់នៅភូមិជាមួយគ្នា ហើយទើបតែស្គាល់គ្នាស្និទ្ធស្នាល បានណាត់ជួបគ្នានៅកន្លែងធ្វើការ និងជាកន្លែងស្នាក់នៅរបស់ឪពុកខាងស្រី។ ប៉ុន្តែ ជាអកុសល ពេលកំពុងជួបគ្នា ឪពុកខាងស្រីបានត្រឡប់មកដល់បន្ទប់វិញ។ ដោយសារភាពភ័យខ្លាចជាខ្លាំង ក្មេងទាំងពីរបានរត់ទៅពួនក្នុងបន្ទប់ទឹក ប៉ុន្តែមិនអាចគេចផុត រហូតឪពុកខាងស្រីឃើញនិងហៅឱ្យវាមក ដែលធ្វើឱ្យក្មេងប្រុសភ័យស្លន់ស្លោរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។
ក្រោយមក ឪពុកខាងស្រីបានឱ្យពួកគាត់នាំកូនប្រុសទៅជួបដើម្បីដោះស្រាយ។ ក្នុងគោលបំណងចង់ឱ្យរឿងរ៉ាវបញ្ចប់ដោយសន្តិវិធី ឪពុកម្ដាយបានដើរជួយរកកូនដើម្បីនាំយកទៅជួបផ្ទៀងផ្ទាត់ជាមួយភាគីខាងស្រី ប៉ុន្តែផ្ទុយពីការរំពឹងទុក ឪពុកក្មេងស្រីបានសម្រេចចិត្តប្ដឹងទៅកងរាជអាវុធហត្ថស្រុកថ្មពួក រួចបញ្ជូនបន្តមកអាវុធហត្ថខេត្ត និងបញ្ជូនសំណុំរឿងដល់សាលាដំបូងខេត្តបន្ទាយមានជ័យតែម្ដង។
ជុំវិញទំហំនៃកំហុសឆ្គង ក្មេងប្រុសបានអះអាងច្បាស់ៗថា មុនពេលឪពុកក្មេងស្រីមកទាន់ ពួកខ្លួនពុំបានធ្វើសកម្មភាពអ្វីជ្រុលហួសហេតុដល់ស៊ីជម្រៅនោះឡើយ ពោលគឺគ្រាន់តែបានសុំឱប ថើបថ្ពាល់ និងចាប់ដៃគ្នាតាមប្រក្រតីនៃក្មេងស្រឡាញ់គ្នាតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ដោយសារតែយល់ឃើញថាជាអ្នកភូមិផងរបងជាមួយគ្នា និងចង់បញ្ចប់រឿងក្ដី ឪពុកម្ដាយក្មេងប្រុសបានខិតខំរត់ឡូស្ដាប់ខ្ចីបុលប្រាក់គេយកមកសងជាសំណងរដ្ឋប្បវេណីជូនភាគីខាងស្រី រហូតសម្រេចបានការព្រមព្រៀងត្រូវរូវគ្នា និងយល់ព្រមបញ្ចប់រឿងចំពោះមុខច្បាប់។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យគ្រួសារក្រីក្រនេះទាល់ច្រក និងអស់សង្ឃឹមខ្លាំងបំផុតនោះ គឺទោះបីជាភាគីដើមបណ្តឹងយល់ព្រមទទួលសំណង និងសម្រុះសម្រួលគ្នារួចរាល់យ៉ាងណាក្ដី ក៏ខាងតុលាការនៅតែសម្រេចចេញដីកាឃុំខ្លួនក្មេងប្រុសរូបនេះដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យដដែល ដែលធ្វើឱ្យឪពុកម្ដាយដែលជាត្រឹមកម្មកររោងចក្រគ្មានទីពឹង សម្រេចចិត្តស្រែកអំពាវនាវសុំកិច្ចអន្តរាគមន៍យ៉ាងទទូចពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយជម្រុញផ្ដល់ភាពយុត្តិធម៌ និងអនុញ្ញាតឱ្យកូនប្រុសបាននៅក្រៅឃុំដើម្បីបន្តការសិក្សានិងអនាគត។
ដោយឡែក បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសសង្ស័យបានឆ្លើយសារភាពដោយត្រង់ថា ខ្លួនពិតជាបានឱប ថើប និងប៉ះពាល់រាងកាយពិតប្រាកដមែន ប៉ុន្តែករណីនេះកើតចេញពីក្មេងទាំងពីរមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក ហើយការប៉ះពាល់នោះគឺ មិនទាន់ស៊ីជម្រៅនោះទេ ម្យ៉ាងវិញទៀតភាគីទាំងពីរក៏បានសម្របសម្រួលគ្នារួចរាល់នៅចំពោះមុខសមត្ថកិច្ចនិងតុលាការផងដែរ ខណៈចំណាត់ការផ្លូវច្បាប់បន្តយ៉ាងណានោះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ស្ថាប័នតុលាការ។
បច្ចុប្បន្ន មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងផ្ដល់ការអាណិតអាសូរយ៉ាងខ្លាំងដល់គ្រួសាររងគ្រោះ ដោយរង់ចាំមើលថាតើតុលាការនឹងពិនិត្យមើលលើអង្គហេតុ មនុស្សធម៌ និងការយោគយល់កម្រិតណា ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ក្មេងប្រុសវ័យ ១៧ឆ្នាំរូបនេះបានវិលត្រឡប់មកក្នុងសង្គមវិញ?
✍️ រាយការណ៍ដោយ៖ លោក ហ៊ីង ចាន់ថន (សារព័ត៌មាន SNTV ប្រចាំខេត្តបន្ទាយមានជ័យ)
أحدث أقدم